ប្រវត្តិ និង​ដើមកំណើត​នៃ​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​

បិណ្ឌ​មានន័យថា ជាការ​ប្រមូល ឬ​ពូត​ឱ្យទៅជា​ដុំ ដូចជា​បិណ្ឌ​បាត្រ គឺ​អាហារ​ដែល​ប្រមូលផ្ដុំ​ដាក់​ក្នុង បាត្រ​។ ឯ​ពាក្យ​ភ្ជុំ គឺ​ធ្វើឱ្យ​ប្រជុំគ្នា ឬ​ធ្វើឱ្យ​ជួបជុំគ្នា ។ ប្រជារាស្ដ្រ​ខ្មែរ​បានឱ្យ​តំលៃ និង​សារៈសំខាន់​ទៅលើ​បុណ្យ ធំៗ​ពីរ គឺ​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​នេះ និង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។
គេ​តែងតែ​នាំគ្នា​ទៅធ្វើ​បុណ្យកាន់បិណ្ឌ​-​ភ្ជុំបិណ្ឌ​ក្នុង ទី​វត្ដ​អារាម ដែល​ត្រូវ​ប្រ​ព្រឹ​ត្ដទៅ ចាប់ពី​ថ្ងៃ​១ រោច​រហូតដល់​ថ្ងៃ​១៥ រោច ខែភទ្របទ​។ ក្នុងអំឡុង​១៥​ថ្ងៃនេះ​គេ តាំងចិត្ដ​ដាច់ខាត​ត្រូវតែ ទៅ​វត្ដ​ឱ្យបាន​ម្ដង​យ៉ាងតិច​ក្នុង​ថ្ងៃ​ណាមួយ​មិនអាច​ខកខាន​បានឡើយ ទោះជា​មានការ មមាញឹក ឬ​ក្រី​ក្រលំបាក​យ៉ាងណាក៏ដោយ​។ ពិសេស​ថ្ងៃ​១៥ រោច ជា​ថ្ងៃ​បង្ហើយ​គេ​ហៅថា “​ភ្ជុំបិណ្ឌ​”​។ រឿងហេតុ ទាំងអស់ នោះ​ក៏ដោយ​សារ​គេ​មាន​ជំនឿ​យ៉ាង​មុតមាំ​តាម​សណ្ដាប់​ចាស់ៗ​ដែល​ពោល​ណែនាំ និង​អនុវត្ដ​ជា​រៀងរាល់ ឆ្នាំ​តៗ​គ្នា​មក​។ ផ្នត់​ជំនឿ​នោះ គឺ​គេ​មាន​មនោសញ្ចេតនា​នឹកគិត​និង​អាណិត​ចំពោះ ញាតិ​មិ​ត្ដ​ដែល​បាន​ចែក ឋាន​ទៅហើយ មាន​មាតាបិតា ជីដូន ជីតា បងប្អូន​កូនចៅ ដែល​ដល់​រដូវ​អាច​បានមក​ទទួលយក​ភោគផល​។ ព្រោះ​អ្នក​ដែល​ចែក​ឋាន​ទៅនោះ ខ្លះ​មាន​បាបកម្ម​ត្រូវ​ទៅ​សោយ​ទុក្ខទោស​នៅ​ឋាននរក ប្រេត កើត​ក្នុង​អបាយ ភូមិ​វេទនាណាស់​។ ឋាន​នោះ​ស្ថិតនៅ​ជ្រៅ​ឆ្ងាយ​ពី​ឋានមនុស្ស មិនអាច​ងើប​មក​បានឃើញ​ពន្លឺព្រះអាទិត្យ​ទេ គ្មាន​សំលៀកបំពាក់ គ្មាន​អាហារ​បរិភោគ​ឡើយ ។ លុះដល់​រដូវ​បុណ្យ​នេះ គេ​បាន​ដោះលែង​ឱ្យមក​ទទួលយក ផល្លានិសង្ស​ដែល​ញាតិ​សាច់សាលោហិត​ធ្វើបុណ្យ​ឧទ្ទិស​ឱ្យ ។ ម្យ៉ាងទៀត​គេ​ខ្លាច អ្នក​ទាំងអស់នោះ​ដាក់​ប្រទេច បណ្ដាសា​ឱ្យគេ​ហិនហោច ប្រសិនបើ​ដើរ​ស្វែងរក​គ្រប់​៧​វត្ដ​ហើយ​មិនឃើញ សាច់ញាតិ​ធ្វើបុណ្យ​បញ្ជូន​ឱ្យ​ទេ ។ ជាមួយគ្នានេះដែរ ដែល​គេ​មាន​ក្ដីសង្ឃឹម​មួយ​ទៀតថា អំពើ​កុសល ដែល​គេ​មាន​សទ្ធា​បាន​បរិច្ចាគ​ឧទ្ទិស​នោះ នឹង​ងាក​បែរ​មកឱ្យ​សព្វ​សាធុការពរ ហើយ​គេ​នឹងត្រូវ​បានទទួល វិញ​ដែរ​នូវ​សេចក្ដីសុខ និង​សេចក្ដីចំរើន ។​
 
​បុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត​នៃ ព្រះរាជ​ពិធី​ទា្វរ​ទស​មាស ប្រជារាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​បុរាណ​រៀងមក (​ពុំ​ដឹង​ពី​ពេលណា​ច្បាស់លាស់​) តែងតែមាន​ប្រារព្ធ​ពិធី​នេះ​មិនដែល​អាក់ខាន​ឡើយ គឺ​ចាប់ពី​ថៃ្ង ១​រោច ខែភទ្របទ រហូតដល់​ថៃ្ង​ទី ១៥​រោច មាន​រយៈពេល​១៥​ថៃ្ង ដែល​យើង​ហៅថា​បិណ្ឌ​1, បិណ្ឌ​2 … និង​ថៃ្ង​បញ្ចប់ គឺជា ថៃ្ង "​ភ្ជុំបិណ្ឌ​"​។ បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​ធ្វើឡើង​តាមបែប​ព្រះពុទ្ធសាសនា​។​
​ជា​រៀងរាល់ឆ្នាំ នៅពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេស​ឪពុកម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​។​ ​ប្រជាជន​ខែ្មរ ក៏​តែងតែ​ចងចាំ និង​យល់​គ្រប់ៗ​គ្នា​ថា "​បុណ្យ​ភ្ជុំ​បិ​ណ្យ​" គឺជា​ការធ្វើ​បុណ្យ​ដាក់​បិណ្ឌ ដើម្បី​ឧទ្ទិស​ដល់ បេ​ត​បុគ្គល​ជា​ឪពុក ម្តាយ បងប្អូន ញាតិសន្តាន​ទាំងឡាយ ដែល​បាន​ចែក​ស្ថាន​ទៅ ហើយ មិនដឹង​ជា​ទៅ​ចាប់កំណើត​នៅ​លោក​ខាង​មុខជា​អ្វី​នោះ​។ ប៉ុ​នែ្ត​បើ តាម​អត្ថបទ​របស់ លោក សុង ស៊ីវ វិញ​ការធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ ពុំមែន​មានន័យ​តែ​ប៉ុណ្ណឹង​ទេ គឺ​លោក​បាន​បកស្រាយ​ដោយ​លើកយក​អត្ថន័យ​ចំនួន ៣ គឺ :

១-​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ចំពោះ​បេ​ត​បុគ្គល ឬ​ប្រេត​បុគ្គល (​ពាក្យ "​បេ​ត​" ជា​ពាក្យ​បាលី ឯ​ពាក្យ "​ប្រេត​" ជា​ពាក្យ​សំស្ក្រឹត​)
២-​ដើម្បី​ឲ្យ​បាន​សេចក្តីសុខ​ចម្រើន សិរី​សួស្តី​ដែល​កើត​ពី​ផល​ទាន​របស់ខ្លួន​។​
៣-​ដើម្បី​បង្កើត​សាមគ្គី​របស់​ជាតិ គឺ​ការស្រុះស្រួល​គ្នា​ទាំង​ពេលវេលា​កំណត់​ទាំង​ការធ្វើ​នំគម អន្សម ពេញ​ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា យើង​ក៏​អាច​កត់សម្គាល់ នូវ​ពាក្យ​មួយ​ទៀតថា "​បុណ្យ​សែនដូនតា​" ដែលជា​ពាក្យ​សាមញ្ញ​សម្រាប់​ប្រជារាស្ត្រ​ខ្លះ ព្រោះថា​ពាក្យ​ទាំងពីរ​គឺមាន​ន័យ​ដូចគ្នា​។​

​កាលពី​សម័យ​បុរាណកាល គេ​ធ្វើ​ពិធីបុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ នៅក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយ​នៅក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុងពេល​ធ្វើ​គោចរ​បិណ្ឌបាត​។ ហេតុដូច្នេះ ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំគ្នា​រៀបចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំថ្ងៃ​រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ ម្យ៉ាងវិញទៀត នៅក្នុង​ពិធីបុណ្យ​នេះ គឺធ្វើឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេ​ត​ជន​ញាតិ និង​ញាតិ​ទាំង​៧​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប​នោះ​ផងដែរ តាមរយៈ​អនុភាព​នៃ​សង្ឃគ​តា​ទក្ខិណាទាន ដែល​រស់​រងទុក្ខវេទនា កើតជា​ប្រេត​មានកម្ម​ពៀរ ជាប់ទោស​ធ្ងន់ រងកម្ម​ក្រហល់ក្រហាយ​អត់ឃ្លាន​ទាំងអស់នោះ បាន​រួច​ផុតពី​ក្ដី​លំបាក​សោកសៅ​។​
 
​ម្យ៉ាងទៀត​ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដោយសារតែ​ពួកគេ​ បាន​ជំនឿ​យ៉ាង​មុតមាំ​តាម​បណ្ដាំ​ចាស់ៗ​ដែល​ពោល​ណែនាំ​និង​អនុវត្ត​ជា​ រៀងរាល់ឆ្នាំ​តៗ​គ្នា​មក​។ គេ​ជឿថា​សាច់​ញា​ត្តិ​ដែល​បាន​ចែក​ឋាន​ទៅហើយ មាន​មាតាបិតា ជីដូន​ជីតា បងប្អូន​កូនចៅ ញាតិ​កា​ទាំង​៧​សន្ដាន​នោះ ដែល​ខ្លះ​មាន​បាបកម្ម​ត្រូវ​ទទួលទោស​នៅ​ឋាននរក​កើតជា​ប្រេត កើតជា​អបាយភូមិ​វេទនាណាស់​។ ឋាន​នោះ​ស្ថិតនៅ​ជ្រៅ​ឆ្ងាយ​ពី​ឋាន មនុស្ស​មិនអាច​មើលឃើញ​ពន្លឺព្រះអាទិត្យ​ទេ គ្មាន​សំលៀកបំពាក់ គ្មាន​អាហារ​បរិភោគ​ឡើយ​។ លុះដល់​រដូវ​បុណ្យ​គេ​ដោះលែង​ឲ្យ​មក ទទួល​ផល្លា​និ​សង្ឃ​ដែល​សាច់សាលោហិត​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ​។ ប្រជាជន​ខ្មែរ​ជឿថា​ព្រលឹង​របស់​អ្នក​ទាំងនោះ​នឹង​មកដល់​វត្ត​អារាម​ហើយ ទទួល​ការផ្ដល់ជូន​ពី​សាច់​ញា​ត្តិ​ឫ​កូនចៅ​របស់​ពួកគេ​តាមរយះ​ការ​អធិដ្ឋាន​ ដោយ​ព្រះសង្ឃ​។ ម្យ៉ាងទៀត​គេ​ខ្លាច​ជីដូន​ជីតា​ដាក់​ប្រទេច​បណ្ដា សា​ឲ្យ​គេ​ហិនហោច ប្រសិនបើ​ដើរ​ស្វែងរក​គ្រប់​៧​វត្ត​ហើយ​នៅ​មិនឃើញ​សាច់​ញា​ត្តិ​ធ្វើបុណ្យ​ ឧទ្ទិស​ឲ្យ​។ មួយវិញទៀត​គេ​សង្ឃឹមថា​កុសល ផល​បុណ្យ​ដែល​គេ​បានធ្វើ​នៅ​ជាតិ​នេះ នឹងធ្វើ​ឲ្យ​គេ​ទទួលបាន​នូវ​សេចក្ដីសុខ សេចក្ដីចំរើន​រហូតដល់​ជាតិ​ក្រោយ​។ នេះ​បើ​យោងតាម​ប្រភពពី​គេហទំព័រ វិ​គី​ភី​ឌា ដែល​បាន​ចុះផ្សាយ​។

Related

ថ្មីៗ 4219172116087091801

Post a Comment

emo-but-icon

Follow Us

Hot in week

Recent

Comments

Side Ads

Counter Views

Flag Counter

Connect Us

item